អំពីពួកយើង
ព័ត៌មានសង្ខេប
ស្ទឹងអារ៉ែង ស្ថិតនៅក្នុងតំបន់ទេសភាពព្រៃត្រូពិកជួរភ្នំក្រវាញ ដែលជាព្រៃត្រូពិកដ៏ធំ និងសំខាន់ជាងគេក្នុងអាស៊ីអាគ្នេយ៍។ តំបន់នេះ គឺជាផ្លូវធ្វើដំណើរឆ្លងកាត់របស់សត្វដំរី មួយក្នុងចំណោមផ្លូវចំនួន ៧ ដែលនៅសេសសល់ក្នុងទ្វីបអាស៊ី ហើយក៏ជាជម្រកចុងក្រោយរបស់សត្វក្រពើសៀម និងអណ្តើករាជ្យ នៅលើសកលលោក។ គម្រោងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង (STAR-CBET) ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៦ ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់នេះ ពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ពិសេសការផ្តល់នូវជម្រើសចិញ្ចឹមជីវិតបន្ថែមទៀតសម្រាប់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផ្តល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គម្រោងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។ STAR-CBET បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ មូលដ្ឋាន ភាគីពាក់ព័ន្ធ និងក្រសួងស្ថាប័នរដ្ឋនានា ហើយត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនក្នុងមូលដ្ឋានផ្ទាល់។ សហគមន៍ ក៏ទទួលបាននូវអាជ្ញាបណ្ណទេសចរណ៍ពី មន្ទីរទេសចរណ៍ ហើយបានចុះបញ្ជីការត្រឹមត្រូវជាមួយក្រសួងមហាផ្ទៃ ជាសមាគមមួយ។
តំបន់ស្ទឹងអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅប្រមាណ ១,៧១២ នាក់ (៤៧៣ គ្រួសារ) គ្របដណ្តប់លើឃុំចំនួន ៣ រួមមាន ឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ។ ឃុំទាំង ៣ នេះមានភូមិចំនួន ៨៖ ភូមិជំនាប់ ភូមិកោះ ភូមិព្រែកស្វាយ ភូមិច្រកឬស្សី ភូមិប្រឡាយ ភូមិសំរោង ភូមិទ័ពឃ្លៃ និងភូមិចំណារ។
ទស្សនៈវិស្ស័យ
ពួកយើងជាប្រជាពលរដ្ឋ តំបន់ស្ទឹងអារ៉ែង មានគោលបំណងចង់ធ្វើឲ្យសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ទទួលបានជោគជ័យ ការគោរព និងជាគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយនៅក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ។ ពួកយើងជាប្រជាជនមូលដ្ឋាន នឹងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍នេះ ដោយសហការជាមួយភាគីអភិវឌ្ឍន៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារធនធានធម្មជាតិ និងវប្បធម៌។ គម្រោងនេះចូលរួមចំណែកដោយផ្ទាល់ ជួយដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការចិញ្ចឹមជីវិត និងសុខុមាលភាព របស់សហគមន៍មូលដ្ឋាន។
គោលដៅ
STAR-CBET ត្រូវបានបង្កើតឡើងដើម្បីកិច្ចការពារធនធានធម្មជាតិ ធនធានវប្បធម៌ និងការអភិរក្សបរិស្ថាន។ គម្រោងនេះត្រូវបានគាំទ្រ និងគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន និងបានជួយបង្កើតនូវឱកាសការងារ ផ្តល់នូវជម្រើសមួយ ក្នុងការទទួលបានចំណូលប្រកបដោយចីរភាព ហើយបានកាត់បន្ថយដោយផ្ទាល់នូវបទឧក្រិដ្ឋព្រៃឈើ និងសត្វព្រៃ។ តាមរយៈការបម្រើផលិតផល និងសេវាកម្មទេសចរណ៍ គម្រោងនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្សប្រកបដោយនិរន្តរភាព ហើយបានចូលរួមចំណែកការពារបេតិកភ័ណ្ឌធម្មជាតិប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។
គោលបំណង៖
• ដើម្បីការពារធនធានធម្មជាតិ និងវប្បធម៌នៅក្នុងតំបន់អារ៉ែង
• ដើម្បីផ្តល់នូវជម្រើសការងារថ្មី ដល់អ្នកកាប់ព្រៃ អ្នកបរបាញ់សត្វ និងអ្នកអាស្រ័យលើអនុផលព្រៃឈើ
• ដើម្បីផ្តល់អំណាចដល់ប្រជាជនមូលដ្ឋាន
• ដើម្បីបង្កើនជីវភាពនៅមូលដ្ឋាន
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ភាពដើមនៃតំបន់ស្ទឹងអារ៉ែង ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការកាប់ព្រៃឈើ និងការប្រមាញ់សត្វព្រៃខុសច្បាប់។ ដើម្បីដោះស្រាយនូវឬសគល់នៃបញ្ហាការកាប់បំផ្លាញព្រៃឈើ និងកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ សម្រាប់ប្រជាជនមូលដ្ឋាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអនុវត្តនូវគម្រោងសហគមន៍អេកូទេសចរណ៍នេះឡើង។ គម្រោង STAR-CBET បានផ្តល់នូវជម្រើសប្រភពចំណូលមួយ សម្រាប់អ្នកកាប់ព្រៃឈើ និងអ្នកបរបាញ់សត្វ ពិសេសគោលការណ៍បែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់សហគមន៍ ដែលវាបានជួយលើកទឹកចិត្តដល់ប្រជាជនមូលដ្ឋានឲ្យចូលរួមក្នុងកិច្ចការពារតំបន់ស្ទឹងអារ៉ែង និងកាត់បន្ថយសកម្មភាពបំផ្លាញព្រៃឈើនានា នៅក្នុង តំបន់។
គោលដៅ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាភូមិមួយប្រកបដោយចីរភាព និងចូលរួមក្នុងការការពារព្រៃឈើ ត្រូវបានណែនាំ និងគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ អ្នកក៏អាចចូលរួមជួយគាំទ្រការងាររបស់ពួកយើងបានដែរ តាមរយៈឱកាសនានាដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តល់ជូនដូចជា ធ្វើជាកាដូរ ជួយឧបត្ថម្ភសត្វព្រៃ ដាំដើមឈើ និងមានអ្វីៗច្រើនជាងនេះទៀត។