ហៅយើង
ភាសា

មជ្ឈមណ្ឌលភ្ញៀវទេសចរ

មជ្ឈមណ្ឌលភ្ញៀវទេសចរ
STAR-CBET មានវិសាលភាពដ៏ធំ រួមមាន មជ្ឈមណ្ឌលភ្ញៀវទេសចរចំនួន៤៖ មជ្ឈមណ្ឌលចម្បងចំនួន១ និងមជ្ឈមណ្ឌលរងចំនួន ៣។ រាល់មជ្ឈមណ្ឌលភ្ញៀវទេសចរ មាននូវការិយាល័យ និងអាហារដ្ឋានសហគមន៍ ហើយក៏មានផងដែរនូវគ្រឿងបរិក្ខារសម្រាប់អង្គុយសម្រាក។ វាក៏ជួយបម្រើជាកន្លែងប្រជុំសម្រាប់ទាំងភ្ញៀវ និងប្រជាជនផងដែរ។ មជ្ឈមណ្ឌលភ្ញៀវទេសចរ ត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់វត្ថុធាតុដើមបុរាណ ដូចជា ឬស្សី និងដបប្លាស្ទិកកែច្នៃឡើវិញ ជាមួយនឹងការរចនាបែបទំនើប។ ទាំងបុគ្គលិកនិយាយភាសាខ្មែរ និងអង់គ្លេស បានត្រៀមខ្លួនរួចរាល់ ក្នុងការឆ្លើយតបនូវចម្ងល់នានារបស់អស់លោកអ្នក ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧  យប់។ 

ភោជនីយដ្ឋានសហគមន៍

ភោជនីយដ្ឋានសហគមន៍ មានទីតាំងនៅជាមួយគ្នានឹង មជ្ឈមណ្ឌលភ្ញៀវទេសចរនីមួយៗ។ ភោជនីយដ្ឋានដំណើរការដោយសហគន៍តំបន់ស្ទឹងអារ៉ែង ក្នុងនោះមានបុគ្គលិកចំនួន ៣៤ នាក់មកពីភូមិនានានៅក្នុងមូលដ្ឋាន។ អាហារទាំងអស់ត្រូវបានចម្អិនដោយប្រើប្រាស់គ្រឿងផ្សំដែលមាននៅក្នុងភូមិស្រាប់ ហើយធ្វើការចម្អិនភ្លាមៗ តាមវិធីចម្អិនបែបប្រពៃណី និងសម័យ។ មុខម្ហូបសម្រាប់អ្នកបរិភោគអាហារបួស និងអ្នកដែលមិនបរិភោគផលិតផលសាច់សត្វ មានបម្រើជូនយ៉ាងងាយស្រួល ហើយប្រសិនបើលោកអ្នកជាអ្នកតមអាហារ ឬមានប្រតិកម្មជាមួយអាហារនានា សូមផ្តល់ដំណឹងជូនបុគ្គលិកយើងខ្ញុំ ដើម្បីពួកយើងអាចធានាបាននូវបទពិសោធន៍ក្នុងការបរិភោគអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានផាសុកភាពជូនលោកអ្នក។

ផ្ទះស្នាក់

ផ្ទះស្នាក់ ផ្តល់នូវការស្វែងយល់ដ៏វិសេសមួយ អំពីជីវិតរស់នៅប្រចាំថ្ងៃរបស់់អ្នកភូមិ ហើយបានផ្តល់ឱ្យភ្ញៀវទេសចរនូវឱកាសដើម្បីធ្វើការប្រាស្រ័យទាក់ទង ជាមួយប្រជាជនក្នុងមូលដ្ឋាន។ អ្នកភូមិភាគច្រើនមានដី សម្រាប់ធ្វើស្រែ និងដាំបន្លែ ហើយក៏មានចិញ្ចឹមសត្វផងដែរដូចជា ក្របី មាន់ និងជ្រូក។

ផ្ទះស្នាក់ របស់ពួកយើងមានបំពាក់នូវផ្ទាំងសូឡា សម្រាប់ផ្តល់នូវថាមពលអគ្គិសនី និងធុងចម្រោះទឹក ដែលផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន។ បន្ទប់ទាំងអស់មានផ្តល់នូវគ្រឿងបរិក្ខារដូចជា គ្រែ មុង កន្សែងជូតខ្លួន កង្ហារ និងស្បែកជើងផ្ទាត់។ បន្ទប់ទឹកនៅដាច់ដោយឡែកពីផ្ទះស្នាក់ និងមានទឹកសម្រាប់ដុសលាងផងដែរ។ ភ្ញៀវប្រហែលជាអាចត្រូវការយក ពិល និងគ្រឿងប្រើប្រាស់ក្នុងបន្ទប់ទឹករបស់ពួកគេមកជាមួយផងដែរ។
 
ផ្ទះស្នាក់ មានតម្លៃ ៦ ដុល្លារ ក្នុងមួយយប់សម្រាប់មនុស្ស ២ នាក់។ ភ្ញៀវទេសចរភាគច្រើនចង់ ទទួលទានអាហារពេលល្ងាចជាមួយម្ចាស់ផ្ទះស្នាក់ លោកអ្នកក៏អាចចូលរួមបរិភោគអាហារពេលល្ងាចបែបនេះបានដែរ ហើយញ៉ាំនូវរាល់អ្វីដែលម្ចាស់ផ្ទះបានចម្អិន។ យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះស្នាក់ភាគតិចណាស់ ដែលអាចនិយាយភាសាអង់គ្លេសបាន ដូច្នេះប្រសិនបើលោកអ្នកត្រូវការអាហារពិសេសអ្វីនោះ សូមប្រាប់បុគ្គលិកសហគមន៍ដោយផ្ទាល់ ដើម្បីអាចជួយរៀបចំជូនតាមតម្រូវការជាមួយនឹងម្ចាស់ផ្ទះស្នាក់។
 

ធ្វើដំណើរមកទីនេះ

STAR-CBET ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា។ ភ្ញៀវទេសចរអាចធ្វើដំណើរមកទីនេះតាមមធ្យោបាយដូចខាងក្រោម៖

រថយន្តក្រុង
ចេញដំណើរពីភ្នំពេញ៖ ធ្វើដំណើរតាមរថយន្តក្រុង ដែលមានគោលដៅទៅទីរួមខេត្តកោះកុង ចេញពីភ្នំពេញនៅម៉ោង ៧ ព្រឹក ត្រង់មហាវិថីម៉ៅសេទុង ម្តុំផ្សារដើមគរ។ ចុះពីរថយន្តក្រុងនៅផ្លូវប្រសព្វ វាលពីរ/ថ្មបាំង តាមផ្លូវលេខ ៤៨ ដែលត្រូវមកដល់ផ្លូវប្រសព្វនេះប្រហែលម៉ោង ១ រសៀល។
ចេញដំណើរពីកោះកុង៖ រថយន្តក្រុងចេញដំណើរពីស្ថានីយ៍រថយន្តក្រុងមកភ្នំពេញនៅម៉ោង ៨ ព្រឹកហើយចុះពីរថយន្តក្រុងត្រង់ផ្លូវប្រសព្វវាលពីរ/ថ្មបាំងនៅម៉ោង ១០ ព្រឹក។

ពីផ្លូវប្រសព្វវាលពីរ/ថ្មបាំង អ្នកអាចរកម៉ូតូឌុបមកកាន់តំបន់ស្ទឹងអារ៉ែងដោយខ្លួនឯងបាន ឬក៏បើសិនជាពួកយើងដឹងថាអ្នកមកដល់ពេលណា ពួកយើងអាចជួយរៀបចំម៉ូតូឌុបរបស់អ្នកភូមិ អោយទៅយកអ្នកត្រង់ចំណុចផ្លូវប្រសព្វ ដែលមានចម្ងាយ ៦០ គ.ម ពីសហគមន៍។ ការធ្វើដំណើរតាមម៉ូតូឌុបចំណាយពេលប្រហែល ៤៥ នាទី។

តាមរថយន្តផ្ទាល់ខ្លួន
ចេញដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ ៤ រួចបត់តាមផ្លូវលេខ ៤៨។ ធ្វើដំណើរតាមផ្លូវលេខ ៤៨ ប្រហែល ១១៩ គ.ម មកកាន់ផ្លូវប្រសព្វវាលពីរ/ថ្មបាំង។ នៅផ្លូវប្រសព្វលោកអ្នកនឹងឃើញមានផ្លាកសញ្ញាធំមួយដាក់ថា សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។ រួចបត់តាមផ្លូវដែលមានសភាពហុយ និងបន្តដំណើរប្រមាណ ៦០ គ.ម ទើបមកដល់សហគមន៍តំបន់ស្ទឹងអារ៉ែង។ 
 

ចាកចេញពីតំបន់ស្ទឹងអារ៉ែង

អ្នកអាចធ្វើការកក់សំបុត្ររថយន្តក្រុងពីតំបន់ស្ទឹងអារ៉ែងមករាជធានីភ្នំពេញ និងខេត្តកោះកុង នៅក្នុងសហគមន៍ផ្ទាល់។ សូមធ្វើការកក់សំបុត្រទៅមក យ៉ាងហោចណាស់អោយបាន ១ ថ្ងៃមុន ធ្វើដូចនេះយើងខ្ញុំអាចជួយរៀបចំសេវាម៉ូតូឌុប ជូនលោកអ្នកទៅកាន់ផ្លូវប្រសព្វនៅលើផ្លូវលេខ ៤៨ បាន។

ធ្វើដំណើរចេញពីផ្លូវប្រសព្វវាលពីរ/ថ្មបាំង អ្នកអាចទៅដល់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និង ខេត្តត្រាត ឬទីក្រុងបាងកក ប្រទេសថៃក្នុងថ្ងៃដដែលបាន។ កន្លែងគោលដៅផ្សេងទៀតត្រូវការការឈប់សំរាកមួយយប់ក្នុងរាជធានីភ្នំពេញ ឬជិះរថយន្តក្រុងពេលយប់បន្តពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ឬខេត្តបាត់ដំបង។

ប្រសិនបើអ្នកធ្វើដំណើរទៅខេត្តកោះកុង ឬប្រទេសថៃ អ្នកអាចជិះម៉ូតូឌុបនៅម៉ោង ១១ ពីតំបន់ស្ទឹងអារ៉ែង ដើម្បីចាំជិះរថយន្តក្រុងនៅផ្លូវប្រសព្វ ដែលមកដល់នៅម៉ោងប្រហែល ១ រសៀល។ ប្រសិន បើអ្នកធ្វើដំណើរទៅកាន់គោលដៅផ្សេងទៀត អ្នកចាំបាច់ត្រូវចាកចេញពីតំបន់ស្ទឹងអារ៉ែង ដោយជិះម៉ូតូឌុបនៅវេលាម៉ោង ៦ ព្រឹក ដើម្បីធានាថាអ្នកអាចមកទាន់រថយន្តក្រុងមកដល់ផ្លូវប្រសព្វនៅម៉ោង ៨ ព្រឹក ធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅរាជធានីភ្នំពេញ។ ម៉ូតូឌុបចេញដំណើរពីតំបន់ស្ទឹងអារ៉ែងទៅផ្លូវប្រសព្វ ចំណាយពេលអស់ប្រមាណជា ៤៥ នាទី។    
ប្រសិនបើអ្នកមានសំនួរ ឬត្រូវការជំនួយក្នុងការរៀបចំផែនការធ្វើដំណើរ អាចទាក់ទងក្រុមការងារយើងតាមរយៈអ៊ីម៉ែល arengbooking@gmail.com ឬទូរស័ព្ទលេខ +855 97 35 55 638 (097 35 55 638 ប្រសិនបើទូរស័ព្ទនៅក្នុងប្រទេស)។

ផែនទី

You can arrive to Chi Phat by boat through the scenic Piphot river or by motorbike or own vehicle through unsealed road as marked in the map.

Areng Valley

43, Khum Pralay,Cambodia

(+855)97 35 55 638
info@yordomain.com

Open With Google Map

បោះតង់

ភាពទាក់ទាញមួយ ក្នុងចំណោមភាពទាក់ទាញជាច្រើននៅក្នុងតំបន់អារ៉ែង គឺដំណើរកំសាន្តបោះតង់ ដែលជាជម្រើសមួយផ្សេងទៀតសម្រាប់ការស្នាក់នៅ។ សម្រាប់អ្នកដែលចង់បោះតង់ សហគមន៍ផ្តល់ជូននូវ កម្រាលគេង តង់ ខ្នើយ ភួយ និងសំភារៈចាំបាច់មួយចំនួន។ តំបន់អារ៉ែង មានកន្លែងជាច្រើនសម្រាប់បោះតង់ ទាំងនៅក្នុងព្រៃជ្រៅ លើកំពូលភ្នំ និងនៅតាមទឹកឆាយក្បែរភូមិ។ សូមរីករាយទទួលទានអាហារពេលល្ងាចរបស់អ្នក ជាមួយនឹងភ្នក់ភ្លើងជំរុំ ដែលរៀបចំដោយចុងភៅព្រៃដ៏ជំនាញរបស់សហគមន៍យើងខ្ញុំ ហើយភ្ញាក់ឡើងជាមួយនឹងព្រះអាទិត្យរះដ៏ស្រស់ស្អាត អមដោយសម្លេងបក្សាបក្សី ដែលធ្វើឱ្យលោកអ្នកមិនអាចបំភ្លេចបាន។

ការចូលរួមជាមួយសហគមន៍

លោកអ្នកអាចចូលរួមចំណែកដោយផ្ទាល់ ក្នុងការជួយគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់សហគមន៍ និងការអភិរក្សនៅក្នុងតំបន់ដ៏មានភាពទាក់ទាញនេះ តាមវិធីច្រើនយ៉ាង។

ការមកកំសាន្ត
មកធ្វើការកំសាន្តជាមួយពួកយើង ហើយស្វែងយល់ដោយខ្លួនអ្នកផ្ទាល់ ថាតើសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ធ្វើយ៉ាងដូចម្តេចក្នុងការជួយការពារ និងអភិរក្សព្រៃឈើ។ សហគមន៍ផ្តល់ជូននូវឱកាសជាច្រើនសម្រាប់ដំណើរផ្សងព្រេងដ៏វិសេស និងការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អ្នក តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អ និងបទពិសោធន៍ដែលលោកអ្នកមិនអាចបំភ្លេចបាន ក្នុងអំឡុងពេលដែលលោកអ្នកស្នាក់នៅទីនេះ។ តាមរយៈការផ្តល់នូវជម្រើសបន្ថែមក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជននៅមូលដ្ឋាន លោកអ្នកនឹងបានជួយគាំទ្រដោយផ្ទាល់ដល់សហគមន៍ និងលើកទឹកចិត្តការអភិរក្សព្រៃឈើ និងសត្វព្រៃ។

ការស្ម័គ្រចិត្ត
ប្រសិនបើលោកអ្នកមានពេលវេលា និងមានបំណងចង់ចូលរួមអោយមានការផ្លាស់ប្តូរជាវិជ្ជមាន សូមពិចារណាធ្វើការស្ម័គ្រចិត្តក្នុងសហគមន៍តំបន់ស្ទឹងអារ៉ែង។ ពួកយើងត្រូវការអ្នកស្ម័គ្រចិត្ត ដែលមានជំនាញ និងចំណង់ចូលរួមជួយសហគមន៍ ជាពិសេសក្នុងសកម្មភាពដូចខាងក្រោម៖ 
•    ការគ្រប់គ្រងកាកសំណល់ 
•    សហគ្រិនភាពក្នុងមូលដ្ឋាន
•    គណនេយ្យ 
•    សិប្បកម្មផលិតស្រាបៀរ និងស្រាផលិតពីផ្លែឈើ
•    ផលិតផលព្រៃឈើ និងសិប្បកម្ម 
•    គ្រូបង្រៀនភាសាអង់គ្លេស (ត្រូវការចាំបាច់)
•    ការគ្រប់គ្រងផ្នែកចម្អិន និងបម្រើសេវាម្ហូបអាហារ 
•    ទំនាក់ទំនង និងទីផ្សារដើម្បីផ្សព្វផ្សាយផលិតផលក្នុងមូលដ្ឋាន 
•    ការគ្រប់គ្រងក្រុមសន្សំ 
•    និងសកម្មភាពជាច្រើនទៀត

ប្រសិនបើអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនងមកពួកយើង។
សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ពុំមានថវិកាសម្រាប់ផ្តល់ជូនក្រុមការងារស្ម័គ្រចិត្តឡើយ ប៉ុន្តែកន្លែងស្នាក់នៅសមរម្យនឹងរៀបចំជូន ហើយធានាថាពួកគាត់នឹងទទួលបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ STAR-CBET បានទទួលការបណ្តុះបណ្តាលពីដៃគូនានា រួមមាន មន្ទីរទេសចរណ៍ ក្រសួងទេសចរណ៍ មន្ទីរបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃអំពីបដិសណ្ឋារកិច្ច សេវាកម្មអាហារ និងភេសជ្ជៈ សុវត្ថិភាពចំណីអាហារ ការចម្អិនអាហារ ការនាំភ្ញៀវដើរកំសាន្ត កុំព្យូទ័រ ភាសាអង់គ្លេស ជំនាញគ្រប់គ្រង យ៉ាងណាក៏ដោយពួកយើងនៅតែត្រូវការជំនួយបន្ថែម។ ប្រសិនបើទាំងនេះជាអ្វីដែលអ្នកចាប់អារម្មណ៍ សូមចូលរួមជាមួយពួកយើង!

អ្វីដែលត្រូវធ្វើ

ការផ្តល់ជូននូវដំណើរផ្សងព្រេងនានា
សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង មានការផ្តល់ជូននូវសកម្មភាពទេសចរណ៍ជាច្រើន សម្រាប់អ្នកធ្វើដំណើរ    កំសាន្តជាមួយទេសភាពធម្មជាតិតាមជួរភ្នំក្រវាញ។ ជាមួយនឹងជម្រើសដូចជា ថ្មើរជើង ជិះកង់ ឬជិះម៉ូតូ ហើយមាន  រយៈពេលចាប់ពី ២-៣ ម៉ោង រហូតដល់ច្រើនថ្ងៃ សហគមន៍ផ្តល់នូវជម្រើសជាច្រើនដើម្បីឱ្យភ្ញៀវទទួលបានបទពិសោធន៍នានាដែលមានតាមកន្លែងកំសាន្ត។ បុគ្គលិកដែលមានចំណេះដឹងខ្ពស់ នឹងជួយអ្នកក្នុងការជ្រើសរើសនូវសកម្មភាពដែលល្អបំផុត ហើយមគ្គុទេសក៍ដែលមានបទពិសោធន៍ ហ៊ានធានាថាអ្នកនឹងទទួលបានការកំសាន្តអស់ពីលទ្ធភាព។ 
ចំណាំ៖ តម្លៃទាំងអស់គិតជា ដុល្លារអាមេរិក 

  ដើរព្រៃ

•    ដើរព្រៃទៅក្បាលទូក ១ ថ្ងៃ 
•    ដើរព្រៃទៅភ្នំម្រេចកង្កែប ១ ថ្ងៃ 
•    ដើរព្រៃទៅត្រពាំងបបុសតូច ១ ថ្ងៃ 
•    ដើរព្រៃទៅឆាយទឹកច្រាក ១ ថ្ងៃ 
•    ដើរព្រៃទៅទីតាំងក្រឡបញ្ចុះសាកសព ២ ថ្ងៃ ១ យប់
•    ដើរព្រៃទៅស្ទឹងដា ១ ថ្ងៃ
•    ដើរព្រៃទៅវាលទ័ពឃ្លៃ ១ ថ្ងៃ 
•    ដើរព្រៃទៅឆាយបែកផ្សែង ២ ថ្ងៃ ១ យប់ 
•    ដើរព្រៃទៅទឹកធ្លាក់ឆាយត្រពាំង ២ ថ្ងៃ ១ យប់ 
•    ដើរព្រៃទៅសមុទ្រឈើម្រេចកង្កែប 
•    ដើរព្រៃទៅឆាយយោង ២ ថ្ងៃ ១ យប់ 

  ជិះកង់តាមផ្លូវភ្នំ

•    ជិះកង់ និងដើរព្រៃទៅម្រេចកង្កែប ២ ថ្ងៃ ១ យប់
•    ជិះកង់ និងដើរព្រៃទៅត្រពាំងបបុសតូច ១ ថ្ងៃ 
•    ជិះកង់ និងដើរព្រៃទៅទីតាំងក្រឡបញ្ចុះសាកសព ២ ថ្ងៃ ១ យប់
•    ជិះកង់ទៅឆាយទឹកច្រាក ១ ថ្ងៃ 
•    ជិះកង់ទៅខ្នងក្រពើ ៤ ថ្ងៃ ៣ យប់ 
•    ជិះកង់ទៅឆាយយោង ២ ថ្ងៃ ១ យប់
•    ជិះកង់ទៅ រូងជនាង ៣ ថ្ងៃ ២ យប់ 
 
  ម៉ូតូ

•    ជិះម៉ូតូ និងដើរព្រៃទៅខ្នងសេកប្រណាំង ៥ ថ្ងៃ ៤ យប់ 
•    ជិះម៉ូតូ និងដើរព្រៃទៅឆាយស្ង ១ យប់ 
•    ជិះម៉ូតូ ទៅពាមច្រវែក ២ ថ្ងៃ ១ យប់ 

មគ្គុទេសក៍
មគ្គុទេសក៍ របស់ពួកយើងមកពីសហគមន៍មូលដ្ឋាន ហើយពួកគាត់ស្គាល់ស្ថានភាពក្នុងព្រៃជាងអ្នកណាទាំងអស់។ ពីមុនពួកគាត់ជាអ្នកបរបាញ់សត្វ និងកាប់ព្រៃឈើ ប៉ុន្តែបច្ចុប្បន្នពួកគាត់ត្រូវបានជ្រើសរើសអោយចូលរួមក្នុងកិច្ចការងារអភិរក្ស និងចែករំលែកចំណេះដឹងដែលគាត់មាន ជាមួយនឹងភ្ញៀវទេសចរ។ មគ្គុទេសក៍មួយចំនួនអាចនិយាយភាសាអង់គ្លេសបាន ហើយពួកគាត់ទាំងអស់គ្នាសុទ្ធសឹងជាអ្នកជំនាញដើរព្រៃ និងអាចធានាថាអ្នកនឹងទទួលបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ពេលមកកំសាន្តនៅកន្លែងធម្មជាតិដ៏អស្ចារ្យនេះ។

ឧបករណ៍ផ្សេងៗ
ឧបករណ៍ផ្សេងៗដែលមានគុណភាពខ្ពស់ ត្រូវបានផ្តល់ជូនសម្រាប់រាល់សកម្មភាពដំណើរកំសាន្ត។ កញ្ចប់ដំណើរកំសាន្តដើរព្រៃ មានផ្តល់ជូននូវ កាបូបស្ពាយ អង្រឹង ភួយ កែវយឹត និងអាវភ្លៀងសម្រាប់ភ្ញៀវទេសចរម្នាក់ៗ។ កញ្ចប់ដំណើរកំសាន្តបោះតង់ ផ្តល់ជូននូវ តង់ ភួយ ខ្នើយ បង្គន់ចល័ត បន្ទប់ទឹក និងអំពូលសូឡា។